Wednesday, 10 April 2013
បាញ់ស្លាប់២នាក់និងរបួសម្នាក់សង្ស័យ ជារឿងគំនុំ
បាញ់ស្លាប់២នាក់និងរបួសម្នាក់សង្ស័យ ជារឿងគំនុំ
ភ្នំពេញ៖ ស្ដ្រីវ័យជាង២០ឆ្នាំ និងក្មួយប្រុស របស់ខ្លួនម្នាក់ បានស្លាប់ ហើយស្ដ្រីជាបងប្អូន និងគ្នាម្នាក់ទៀត បានរងរបួស នៅក្នុងករណី បាញ់ប្រហារ ដែលមានការគ្រោងទុកមួយ នៅក្នុងបុរីញូវថោន ដែលមានទីតាំងនៅក្នុង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅល្ងាចម៉ោង១៧និង៣៥នាទីថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៣ នេះ ។
ស្ដ្រី និងក្មេងប្រុស ដែលស្លាប់បាត់បង់ជីវិត នៅក្នុងអំពើបាញ់ប្រហារ ខាងលើ ត្រូវបាន គេស្គាល់ឈ្មោះទិត ធារ៉ា ភេទស្រី អាយុ ២៦ឆ្នាំ ជាបុគ្គលិក ធនាគារកាណាឌីយ៉ា មានទីលំនៅ ផ្ទះចំណុចកើតហេតុខាងលើ និងក្មួយ ប្រុសម្នាក់ទៀត ត្រូវបានគេស្គាល់ឈ្មោះ យុទ្ធ ធារ៉ា អាយុជាង ១ខួប។ ដោយឡែកស្ដ្រី ដែលរងរបួស ត្រូវជា បងប្អូនដែរនោះ ឈ្មោះ ទិត សុម៉ាឡែន អាយុ ៣៥ឆ្នាំ អតីតតារាចម្រៀងមិនសូវល្បីឈ្មោះមួយរូបផងដែរ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ដ្រីរងគ្រោះ ដែលធ្វើដំណើរពីកន្លែង ធ្វើការមកផ្ទះ ដោយ រថយន្ដក្រុមហ៊ុនជូនមកនោះ ពេលមកដល់មុខផ្ទះ បានចុះពីរថយន្ដ ដើរសំដៅចូលទៅ ក្នុងផ្ទះ ស្រាប់តែមានមនុស្សម្នាក់ ដែលឈរ ចាំនៅក្បែរនោះ បានដើរសំដៅទៅ រួចហើយ ដកកាំភ្លើង បាញ់ ប្រហារអស់ជាច្រើនគ្រាប់ ធ្វើឱ្យជនរងគ្រោះម្តាយមីង និងក្មួយ ត្រូវគ្រាប់កាំភ្លើង ហើយខ្មាន់កាំភ្លើង ក៏បានរត់គេចខ្លួនបាត់ទៅ។
តាមការសន្និដ្ឋាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា ករណីបាញ់ប្រហារខាងលើនេះ ជារឿងគំនុំ ឬជាឃាតករ ស៊ីឈ្នួលបាញ់សម្លាប់ ច្រើនជាងករណីប្លន់ ព្រោះក្រោយបាញ់ប្រហារ ហើយ ជនសង្ស័យ មិនបានយកទ្រព្យ សម្បត្ដិ របស់ជនរងគ្រោះនោះទេ។ ប្រភពបង្ហើបពីសមត្ថកិច្ច ក៏បានឲ្យដឹងផងដែរថា ករណីបាញ់សម្លាប់នេះ អាចជាការបាញ់ច្រឡំ ពោលមុខសញ្ញាបាញ់ប្រហាររបស់ជនសង្ស័យ អាចសំដៅលើស្រ្តីជាបង ឈ្មោះ ទិត សុម៉ាឡែន ដែលអតីតជាតារា ចម្រៀង។
By:GCNP
ស្រវឹងបើករថយន្តបុកម៉ូតូរបួសធ្ងន់២នាក់ រួចគេចចូលក្នុងក្រសួងធ្វើមិនដឹង
ស្រវឹងបើករថយន្តបុកម៉ូតូរបួសធ្ងន់២នាក់ រួចគេចចូលក្នុងក្រសួងធ្វើមិនដឹង
ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តម៉ាកCRVពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បណ្តោះអាសន្ន 4823 ផុតកំណត់ថ្ងៃទី4ខែមេសាឆ្នាំ2013 បើកបរដោយបុរសវ័យជាង៣០ឆ្នាំដែលគេដឹងថាមានសភាពស្រវឹងស្រានោះ បានទៅបុកគ្នាជាមួយម៉ូតូម៉ាកគុបជ្រុងពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ខ 2221 កណ ជិះគ្នាពីរនាក់ ដែលអ្នកបើកបរឈ្មោះ ចាន់ហា ភេទប្រុស អាយុ៣០ឆ្នាំ និងម្នាក់ទៀតឈ្មោះ ជា ចាន់ធី ភេទប្រុស អាយុ១៧ឆ្នាំ(រងរបួសធ្ងន់ទាំងពីរ)។
ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង២២និង២៥នាទីយប់ថ្ងៃទី៨ខែមេសាឆ្នាំ២០១៣ ស្ថិតនៅចំណុចផ្លូវព្រះមុន្នីវង្ស មុខក្រសួងរៀបចំដែនដី នគរូនីយកម្មនិងសំណង់ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកគុបជ្រុង ខាងលើ បើកក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវ ព្រះមុន្នីវង្ស ពេលដល់ចំណុចកើតហេតុមុខ ក្រសួងរៀបចំដែនដី នគរូនីយកម្មនិងសំណង់ស្រាប់តែមានរថយន្តម៉ាកCRVខាងលើបើកក្នុងទិសដៅផ្ទុយគ្នាបានបត់ចូលមកក្រសួងយ៉ាងលឿនដោយគ្មានការប្រុងប្រយ័ត្ននោះក៏បណ្តាលអោយបុកគ្នាតែម្តង ហើយភ្លាមៗនោះខាងបុគ្គលិកយាមទ្វារនៅ ក្រសួងរៀបចំដែនដី នគរូនីយកម្មនិងសំណង់ បានបើកទ្វារអោយរថយន្តបង្កហេតុនេះចូល និងបានហាមឃាត់អ្នកយកព័ត៌មានមិនអោយចូលថតឡើយ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅមន្ទីពេទ្យ ចំណែកឯរថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងរង់ចាំការដោះស្រាយតាមនីតិវិធី៕
By:GCNP
រថយន្ត៤៧០បុកម៉ូតូCub៩០ ពេញមួយ ទំហឹងរងរបួសធ្ងន់មា្នក់
រថយន្ត៤៧០បុកម៉ូតូCub៩០ ពេញមួយ ទំហឹងរងរបួសធ្ងន់មា្នក់
ភ្នំពេញ៖ រថយន្ត៤៧០បានបុកជាមួយម៉ូតូCub៩០ យ៉ាងពេញទំហឹងបណ្តាយឲ្យរងរបួសធ្ងន់ម្នាក់និងម៉ូតូខូចខាងមុខទាំងស្រុង។ហេតុការណ៍នេះកើតឡើងកាលពីម៉ោង២១និង៣៥នាទីថៃ្ងទី៨ខែមេសាឆ្នាំ២០១៣នៅត្រង់ចំណុចសង្កាត់ដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្ត៤៧០ ពណ៌ ស្ករ មិនស្គាល់ស្លាកលេខបើកបរក្នុងទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូម៉ាកCub៩០ ពណ៌ ប្រាក់ ពាក់ស្លាកលេខ ភំ្នពេញ 1AS-1520 បើកបរដោយបុរសម្នាក់វ័យជាង២០ឆ្នាំ បើកក្នុងទិសដៅពីជើង ទៅត្បូង បញ្ជ្រាស់ទិសគ្នា លុះដល់ចំណុចកើតហេតុរថយន្ត៤៧០ក៏ជ្រុលបុកម៉ូតូចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូរបួសធ្ងន់និងរថយន្តបង្ករត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបញ្ចូនសង្រ្គោះទៅមន្ទីរពេទ្យនិងម៉ូតូត្រូវយកទៅរក្សាទុកនៅអធិការខណ្ឌទួលគោករឺឯរថយន្តសមត្ថកិច្ចនគរបាលបានកំពុងធ្វើការស្រាវជ្រាវបន្ត៕
By:GCNP
ករណីបង្រ្កាបចោរលួចគាស់ផ្ទះនៅខណ្ឌ សែនសុខ
ករណីបង្រ្កាបចោរលួចគាស់ផ្ទះនៅខណ្ឌ សែនសុខ
ភ្នំពេញ៖នៅវេលាម៉ោង ០៣និង៣០នាទី ឈានចូលថ្ងៃទី ០៩ខែមេសាឆ្នាំ២០១៣ នៅចំណុច ផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មាន ករណី លួច(គាស់ផ្ទះ) កើតឡើង ០១លើក ។ជនល្មើស ឈ្មោះ ជុំ សុភ័ក្រ្ត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ជនរងគ្រោះ ឈ្មោះ ផាង អ៊ាងស៊ី ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ផ្ទះលេខ ៥៤ ផ្លូវ៥៦៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ មុនពេលកើតហេតុ ជនរងគ្រោះ បានឲ្យឈ្មោះ យឹម សុវណ្ណៈ នៅដេកមើលផ្ទះ កើតហេតុ លុះដល់ម៉ោង ប្រហែល ០៣និង៣០នាទី ទាបភ្លឺ ជនរងគ្រោះបានលឺសំឡេង គាស់បន្ទប់ ក៏ភ្ញាក់ឡើងឃើញជនសង្ស័យ កំពុងធ្វើសកម្មភាព រើក្នុងបន្ទប់គ្មាន មនុស្សស្នាក់នៅ ដើម្បីរក ទ្រព្យសម្បត្តិ ជនរងគ្រោះក៏ផ្តល់ព័ត៌មានជូនសមត្ថកិច្ច ចុះទៅដល់ឃាត់ខ្លួនជនសង្ស័យបាន។ ដោយមានចម្លើយ សារភាព របស់ជនសង្ស័យ សមត្ថកិច្ចយើងក៏ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង ០៨និង០០នាទី។
By:GCNP
នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភស្ត្រីរងគ្រោះនៅក្នុងផ្ទះបាយ
នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភស្ត្រីរងគ្រោះនៅក្នុងផ្ទះបាយ
ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទ័ណ្ឌធ្ងន់ សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលស្រែថ្មី នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ ពីបទចាប់ជនរងគ្រោះរំលោភលើផ្ទះបាយ ។
លោកវរសេនីយ៍ត្រី ឌុច ចំរើន ប្រធានស្តីទីការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចយើងចាប់ខ្លួននេះ ឈ្មោះ យី ចាន់ថន ហៅ ឃុន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ លោកវរសេនីយ៍ត្រី បានបន្តទៀតថា តាមការបញ្ជារបស់លោកស្នងការ លោកបានធ្វើប្រតិបត្តិការ សហការជាមួយនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែថ្មី ព័ទ្ធចាប់ជនដែលមាន ឈ្មោះដូចខាងលើ ខណៈពេលកំពុងជិះម៉ូតូគេចខ្លួន ។
ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យបានសារភាពថា មុនឈានដល់ការធ្វើសកម្មភាពវេលោម៉ោង ១៣និង៤៥នាទី ថ្ងែទី៨ ខែមេសា ឆ្នាំ២០១៣ ជនសង្ស័យបានជិះម៉ូតូទៅលេងផ្ទះអ្នកស្គាល់គ្នា ក្បែរផ្ទះជនរងគ្រោះ ។ពេលកំពុងជជែកគ្នាជាមួយមិត្តភក្តិខ្លួន បានចុះមកដី រួចក៏ដើរទៅកាន់ផ្ទះជនរងគ្រោះ ដោយឃើញជនរងគ្រោះ ឈ្មោះ ឃ.ស.រ អាយុ២៨ឆ្នាំ កំពុងអង្គុយរើសគ្រាប់ស្រូវ ពីក្នុងអង្ករនៅផ្ទះបាយតែម្នាក់ ។ ដោយមានសភាពស្ងាត់ ខ្លួនបានចូលពីក្រោយ ហើយចាប់ជនរងគ្រោះរំលោភតែម្តង ក្រោយធ្វើសកម្មភាព ខ្លួនបានដើរមកផ្ទះអ្នកស្គាល់គ្នាហើយ លាម្ចាស់ផ្ទះត្រឡប់ទៅផ្ទះវិញ ពេលកំពុងជិះម៉ូតូត្រូវនគរបាលចាប់ខ្លួនតែម្តង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាល កសាងសំណុំរឿង បញ្ជូនទៅសាលដំបូងខេត្ត ដើម្បីចាត់ការ តាមនិតិវិធីច្បាប់ ៕
By:GCNP
នគរបាលឃាត់ខ្លួនជនសង្ស័យពីរនាក់ ពីបទឆក់កាបូបអ្នកទេសចរណ៍
នគរបាលឃាត់ខ្លួនជនសង្ស័យពីរនាក់ ពីបទឆក់កាបូបអ្នកទេសចរណ៍
ខេត្តព្រះសីហនុ៖ ចោរឆក់កាបូបភ្ញៀវទេសចរណ៍ តាមមាត់សមុទ្រពីរនាក់ ត្រូវសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនបានភ្លាមៗ កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ បន្ទាប់ពីពួកវាបានប្រព្រឹត្តបទល្មើសឆក់កាបូបស្ត្រីជនជាតិហ្វាំងឡង់ម្នាក់ កំពុងដើរនៅតាមបណ្តោយផ្លូវឆ្នេរអូរត្រេះ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យ ទី១.ឈ្មោះ ចន មនោថៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅក្រុមទី៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ និងទី២.ឈ្មោះ ជិន រ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅដូចគ្នា មុខរបរ បុគ្គលិកភោជនីយ៍ដ្ឋានប៊ីចក្លឹប នៅឆ្នេរអូរត្រេះ ។ ជាមួយនៃការចាប់ខ្លួននេះ សមត្ថកិច្ចដកហូតបានម៉ូតូ ម៉ាកវេវឆ្លាម ១គ្រឿង ដែលជាមធ្យោបាយជិះធ្វើសកម្មភាពផងដែរ ។ រីឯឈ្មោះ ចន មនោថៃ ក៏ជាមុខសញ្ញាចាស់ ដែលមានដីកាស្វែងរកចាប់ខ្លួន ពីចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុផងដែរ ដែលត្រូវជាប់ពីបទបង្ករបួសដោយចេតនា ប្រព្រឹត្តនៅភូមិព្រែកប្រស់ឃុំទឹកថ្លា ស្រុកព្រៃនប់ កាលពីកំឡុងឆ្នាំ២០០៧ ។
បច្ចុប្បន្នករណីនេះ សមត្ថកិច្ចនគរបាល កំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ៕
By:GCNP
Subscribe to:
Posts (Atom)



















