Wednesday, 3 April 2013
ចោរប្រុសស្រីលួចក្របីទាំងក្រោល ត្រូវសមត្ថកិច្ចនាំខ្លួនទៅតុលាការ
ចោរប្រុសស្រីលួចក្របីទាំងក្រោល ត្រូវសមត្ថកិច្ចនាំខ្លួនទៅតុលាការ
ខេត្តកំពង់ធំ៖ ចោរលួចពីរនាក់ប្តីប្រពន្ឋ ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលស្រុកស្ទោងឃាត់ខ្លួនបន្ទាប់ពីធ្វើ សកម្មភាពលួចក្របីទាំងក្រោលកាលពីថ្ងៃទី៣១ខែមីនា ឆ្នាំ២០១៣ នៅចំណុចពីភូមិឡា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។ការជ្រើសរើសមុខរបរក្តៅក្រហាយ បង្កអន្តរាយណ៏ដល់អ្នកដ៍ទៃ ប៉ុន្តែត្រូវអស់លក្ខ័ណដោយសារ តែអាជីពធ្វើចោរនេះ ត្រូវបានសមត្ថកិច្ចក្របួចទាំងប្រុសទាំងស្រី ព្រមទាំងដកហូតវត្ថុតាងមានក្របី ៤ក្បាល ។
ទាក់ទងហេតុការណ៍នេះនគរបាលស្រុកស្ទោងបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០១៣ ឈានចូលថ្ងៃទី១ខែមេសា ទំនងជា ចោរទាំងពីរនាក់ប្តីប្រពន្ឋនេះ គ្មានលុយចូលឆ្នាំ ទើបបានជាបែកគំនិត នាំគ្នាដើរកាត់វាលរាប់សិបគីឡូម៉ែត្រ ពីស្រុកកំពង់ស្វាយ ទៅដល់ស្រុកស្ទោង មកលួចក្របី៤ក្បាល នៅក្រោមផ្ទះអ្នកភូមិ ព្រមទាំងដឹកចេញទាំងកណ្តាលយប់ និងយកទៅលាក់ទុកនៅផ្ទះរបស់ខ្លួន ស្ថិតនៅ ក្នុងភូមិជ័យ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានចម្ងាយពីស្រុកស្ទោង ប្រមាណ៤០គីឡូម៉ែត្រ។ នគរបាលបានបន្តថា ម្ចាស់ក្របីទាំង៤ក្បាល ឈ្មោះ មុត មល់ ភេទ ប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុ។ ក្រោយពីកើតហេតុ ម្ចាស់បានមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីតាមរកក្របីចំនួន ៤ក្បាលរបស់ខ្លួន ។
ពាក់ព័ន្ធករណីនេះ លោកវរៈសេនីយ៍ត្រី យ៉ង សំ អធិការដ្ឋាននគរបាលស្រុកស្ទោង បានឲ្យដឹងថា ក្រោយពីទទួលបាន ពាក្យបណ្តឹង និងទទួលបានការណែនាំ បន្ថែមពីលោក ឧត្តមសេនីយ៍ត្រី ផាន់ សុផេង ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងលោក កែ ខាន់ណារា ស្នងការរង ទទួលបន្ទុកការងារព្រហ្មទណ្ទ ឲ្យសហការជាមួយ នឹងកំលាំងអធិការស្រុកកំពង់ស្វាយ បានធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ទើបឈានដល់ការឃាត់ខ្លួនជនទាំងពីរនាក់ប្តីប្រពន្ឋ ។តាមដីការបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៣ ជនសង្ស័យឈ្មោះ អុំ ណូ ភេទ ប្រុស អាយុ ២៧ឆ្នាំ ជាប្តី និងស្រ្តីម្នាក់ឈ្មោះ ឡេង ភក្តី ភេទ ស្រី អាយុ ២៨ឆ្នាំ ជាប្រពន្ឋ ព្រមទាំងវត្ថុតាង ក្របីបាន ៤ក្បាល ដែលជនសង្ស័យនាំយកទៅលាក់នៅក្នុងបរិវេណដីរបស់ខ្លួន នៅភូមិមានជ័យ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។លោក អធិការបានបន្តថា ក្រោយពីបានរកឃើញទាំងវត្ថុតាង និងមុខសញ្ញា ជនសង្ស័យ ទាំងពីរនាក់ ប្តីប្រពន្ឋ ក៏បានដឹកក្របីតាមរថយន្តមកកន្លែងអធិការស្រុកស្ទោង ដើម្បីឲ្យម្ចាស់ក្របី រកសាក្សី និងមានការ បញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ដើម្បីសុំក្របីត្រឡប់ទៅគ្រប់គ្រងវិញ ។ ចំណែកជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ឋត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅឡើងតុលាការអមសាលាដំបូងខេត្តកំពង់ធំនៅថ្ងៃទី០២ មេសា ដោយឡែកអ្នកពាក់ព័ន្ធ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ បន្ថែមទៀត ៕
By: GCNP
Subscribe to:
Post Comments (Atom)






No comments:
Post a Comment