Pages

Subscribe:

Ads 468x60px

Wednesday, 3 April 2013

គ្រោះ​ថ្នាក់​ចរាចរណ៍​ បន្ត​យាយី​ក្នុង​ខេត្ត​តាកែវ​ រយៈ​ពេល​ ៣​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ​



គ្រោះ​ថ្នាក់​ចរាចរណ៍​ បន្ត​យាយី​ក្នុង​ខេត្ត​តាកែវ​ រយៈ​ពេល​ ៣​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ​

តាកែវ​៖​ មន្រ្តី​នគរបាល​ជំនាញ​ក្នុង​ខេត្ត​តាកែវ​ បាន​បង្ហាញ​អំពី​កំណើន​កើនឡើង​នៃ​ជន​រង​គ្រោះ ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ត្រី​មាស​ទី​ ១​ ​នៃ​ឆ្នាំ​២០១៣ ​នេះ​ ដោយ​ព្រមាន​ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តែ​ជា​បញ្ហា​ប្រឈម​នៅ​ឡើយ​ ។

លោក​វរ​សេនីយ៍​​ទោ​ ប៉ុក​ ពល​រិទ្ធ​ នាយកា​រិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​តាកែវ​ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ​ទី​ ២​ ខែ​មេសា​ម្សិល​ម៉ិញ​ថា ​ក្នុង​រយៈ​ពេល ​៣ ​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៣​ នេះ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ខេត្ត​តាកែវ​បាន​កើត​ឡើង​ ចំនួន​ ៧៦ ​លើក​ គឺ​កើន​ ១០ ​លើក​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​ ៣៥​ នាក់​ គឺ​កើន​ចំនួន​ ៤ ​នាក់​ និង​ធ្វើ​ឲ្យ​រង​របួស​ចំនួន ​៧៣ ​នាក់​ គឺ​កើន​ចំនួន​ ២៩​នាក់​ ។

លោក​មាន​ប្រសាសន៍​ថា ​ស្រុក​ក្នុង​ខេត្ត​តាកែវ​ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ​ មាន​ស្រុក​ត្រាំកក់​ និង​ ស្រុក​បាទី​ ហើយ​ភាគ​ច្រើន​នៃ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ ម៉ូតូ ​និង​ ម៉ូតូ​ ។ ​លោក​ក៏​បាន​បង្ហាញ​ថា ​កត្តា​មនុស្ស​ គឺ​ជា​កត្តា​ចម្បង​បំផុត​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ ដោយ​សារ​តែ​អ្នក​បើកបរ​ជា​ច្រើន​ មិន​គោរព​នូវ​ច្បាប់​ចរាចរណ៍​ ។

សូម​បញ្ជាក់​ថា ​កាល​ពី​ឆ្នាំ​២០១២ ​កន្លង​ទៅ ​គ្រោះ​ថ្នាក់​ចរាចរណ៍​ នៅ​ក្នុង​ខេត្ត​តាកែវ​ មាន​ចំនួន ​១៥១ ​លើក​ គឺ​ច្រើន​ជាង​ឆ្នាំ​ ២០១១ ​ដែល​មាន​ត្រឹម​តែ​ចំនួន​ ១៤១​ លើក​ ដោយ​ឡែក​ចំពោះ​ជន​រង​គ្រោះ​ស្លាប់​បាត់​បង់​ជីវិត​វិញ​ មាន​ចំនួន​ ៩២​នាក់​ គឺ​ច្រើន​ជាង​​ឆ្នាំ ​២០១១ ​ដែល​មាន​ចំនួន​ត្រឹម​តែ ​៧៨​នាក់ ​រី​ឯ​អ្នក​របួស​ធ្ងន់​ មាន​ចំនួន ​២០៧​​ នាក់​ ច្រើន​ជាង​ឆ្នាំ​ ២០១១ ​ដែល​មាន​ចំនួន ​២០១​នាក់​ ។

គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ត្រូវ​គេ​ចាត់​ទុក​ថា​ ជា​ឃាតករ​ដ៏​កាច​សាហាវ ​ជាក់​ស្តែង ​វា​បាន​ឆក់​យក​អាយុ​ជីវិត​មនុស្ស​អស់​ចំនួន​ ១.៨៩៤ ​នាក់​ កាល​ពី​ឆ្នាំ​២០១២​ កន្លង​ទៅ​ ។

មន្រ្តី​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​ បាន​ប្រកាស​ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ធ្វើ​ឲ្យ​កម្ពុជា​ខាត​បង់​ប្រហែល​ជា​ ៣០០ ​លាន​ដុល្លារ​អាមេរិក​ ក្នុង​ ១​​ឆ្នាំ ​៕

By: Bayon

No comments:

Post a Comment