គ្រូពេទ្យចម្រុះនៃឯកទេសផ្នែកព្យាបាលជំងឺបេះដូងរបស់សហរដ្ឋ អាមេរិកមួយក្រុម ដែលមានគ្នាចំនួន ១៥នាក់ កំពុងបំពេញបេសកកម្មជួយព្យាបាល និងវះកាត់ជំងឺបេះដូងឱ្យកុមារខ្មែរឥតគិតថ្លៃ នៅមន្ទីរពេទ្យកុមារអង្គរ មិត្តគ្មានព្រំដែន នៅខេត្តសៀមរាប។
លោកវេជ្ជបណ្ឌិត ង៉ែត វិសេស ជាអនុប្រធានក្រុមគ្រូពេទ្យកុមារនៃមន្ទីរពេទ្យកុមារអង្គរមិត្ត គ្មានព្រំដែន។ លោកបានមានប្រសាសន៍កាលពីព្រឹកថ្ងៃសុក្រ ទី២៧ ខែមករា ថា ក្រុមគ្រូពេទ្យឯកទេសទាំងនោះ មកពីសកលវិទ្យាល័យ សាន់ ឌៀហ្គោ (San Diego) នៃរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក។ ពួកគេបានមកដល់ខេត្តសៀមរាប ជាបន្តបន្ទាប់ កាលពីថ្ងៃទី២០ និងទី២២ ខែមករា។
លោកវេជ្ជបណ្ឌិត ង៉ែត វិសេស៖ «បេសសកកម្មចម្បងរបស់ពួកគាត់ គឺផ្តល់ការវះកាត់បេះដូងដល់កូនក្មេងកម្ពុជាយើងដោយមិនគិត ថ្លៃ ទី១។ បំណងទី២ទៀត គឺជាការផ្តល់នូវចំណេះដឹងផ្នែកបេះដូង ផ្នែកខាងវះកាត់ ហើយនិងការពិនិត្យជំងឺកុមារផ្នែកបេះដូងហ្នឹងដល់គ្រូពេទ្យខ្មែរ យើងផង ហើយគាត់ក៏បានរៀនពីផ្នែកខ្លះទៀត... អ៊ីចឹងនៅស្រុកគាត់មិនសូវសំបូរទេ ពីយើងទៅវិញដែរ»។
លោកវេជ្ជបណ្ឌិត ង៉ែត វិសេស បានមានប្រសាសន៍ថា ចាប់តាំងពីក្រុមគ្រូពេទ្យអាមេរិកាំងបានមកដល់មន្ទីរពេទ្យកុមារ អង្គរ កាលពីសប្ដាហ៍មុនរហូតមកដល់ថ្ងៃទី២៧ ខែមករា គឺគេបានធ្វើការវះកាត់ និងព្យាបាលជំងឺបេះដូងឱ្យកុមារខ្មែរចំនួន ១៥នាក់។
អ្នកស្រីវេជ្ជបណ្ឌិត ស៊ូសាន ហ្គ្រោហ្វេលដ៍ (Susan Grossfeld) ជាប្រធានក្រុមដឹកនាំរបស់គ្រូពេទ្យស្ម័គ្រចិត្តសហរដ្ឋអាមេរិក ទាំងនោះ។
អ្នកស្រីបានមានប្រសាសន៍ថា អ្នកស្រី និងស្វាមី ធ្លាប់បានមកជួយព្យាបាលជំងឺបេះដូងឱ្យកុមារខ្មែរនៅមន្ទីរពេទ្យ កុមារអង្គរ មិត្តគ្មានព្រំដែនចំនួន ៦លើកហើយចាប់តាំងពីឆ្នាំ២០០៥ មក៖ «គោលបំណងចម្បងដែលខ្ញុំមកមន្ទីរពេទ្យកុមារអង្គរលើកនេះ គឺជួយព្យាបាល និងវះកាត់ជំងឺប្រហោងបេះដូង ដែលកើតមានចំពោះកុមារតាំងពីកំណើត។ ទី២ គឺខ្ញុំបានធ្វើការបណ្ដុះបណ្តាលក្រុមគ្រូពេទ្យវះកាត់របស់ មន្ទីរពេទ្យកុមារអង្គរ ហើយនិងគ្រូពេទ្យជំនាញខាងបេះដូង ដើម្បីឱ្យមានលទ្ធភាពថ្ងៃក្រោយអាចធ្វើការងារនេះបាន»។
វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកុមារអង្គរ មិត្តគ្មានព្រំដែន បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០០ គេបានរកឃើញកុមារខ្មែរដែលមានជំងឺបេះដូងប្រមាណជិត ៣.០០០នាក់ ធ្លាប់បានមកពិនិត្យ និងទទួលការព្យាបាល ដោយមន្ទីរពេទ្យបានខិតខំប្រឹងប្រែងជួយព្យាបាលកុមារទាំងនោះ តាមរបៀបធនធានមិនសូវសំបូរបែប ហើយរយៈពេល ៥-៦ឆ្នាំមកនេះ គេបានជួយសង្គ្រោះ និងព្យាបាលជំងឺបេះដូងឱ្យកុមារខ្មែរបានប្រហែលពី ៣០០ ទៅ ៤០០នាក់។
ការព្យាបាលជំងឺបេះដូងនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន គឺត្រូវចំណាយប្រាក់រាប់ពាន់ដុល្លារសហរដ្ឋអាមេរិក ទៅលើសេវាព្យាបាល ដែលក្រុមគ្រូពេទ្យបានប៉ាន់ប្រមាណថា ក្នុងចំណោមប្រជាពលរដ្ឋខ្មែរដែលកើតជំងឺនេះ គឺប្រមាណ ៩០% អាចមិនមានប្រាក់សម្រាប់ព្យាបាលទេ។
លោកវេជ្ជបណ្ឌិត ប៉ូល ហ្គ្រោសហ្វែលដ៍ (Pual D.Grossfeld) ជាគ្រូពេទ្យជំនាញនៅក្នុងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសហរដ្ឋ អាមេរិកនោះ បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំដែលលោកបានមកជួយព្យាបាលជំងឺបេះដូងនៅ មន្ទីរពេទ្យកុមារអង្គរ គឺតែងប្រឈមមុខនូវបញ្ហាលំបាក ដោយសារតែមន្ទីរពេទ្យមានបន្ទប់វះកាត់តែមួយ ហើយតូចចង្អៀត ដែលធ្វើឱ្យបេសកកម្មរបស់លោកជួយសង្គ្រោះ និងព្យាបាលអ្នកជំងឺនៅមានកំណត់នៅឡើយ។
លោក ប៉ូល មានគំរោងនឹងស្វែងរកមូលនិធិ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ មិត្តគ្មានព្រំដែននៅខេត្តសៀមរាប ឱ្យមានបន្ទប់វះកាត់ធំទូលាយ សម្រាប់ជួយព្យាបាលជំងឺបេះដូងឱ្យបានប្រសើរនាពេលអនាគត៕ ដោយ៖ RFA
Showing posts with label សុខភាព. Show all posts
Showing posts with label សុខភាព. Show all posts
Sunday, 29 January 2012
Subscribe to:
Posts (Atom)


