Wednesday, 10 April 2013
ជិះម៉ូតូចេញពីស្រុកថ្មគោលមកខេត្ត បន្ទាយមានជ័យធ្វើបុណ្យ ត្រូវរថយន្តដឹក ផ្លែឈើបុកស្លាប់ម្នាក់របួសមធ្យមម្នាក់
ជិះម៉ូតូចេញពីស្រុកថ្មគោលមកខេត្ត បន្ទាយមានជ័យធ្វើបុណ្យ ត្រូវរថយន្តដឹក ផ្លែឈើបុកស្លាប់ម្នាក់របួសមធ្យមម្នាក់
ខេត្តបន្ទាយមានជ័យ៖ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរារចរណ៍មួយកើតឡើងបង្កដោយរថយន្តកាម៉ារីពណ៌ទឹកប្រាក់ពាក់ស្លាកលេខសៀមរាប ២A ១៦៩៥ ដឹកផ្លែឈើ បានបុកអ្នកជិះម៉ូតូពីក្រោយពេញ ទំហឹងបណ្តាលឲ្យស្រ្តីចំណាស់ម្នាក់ស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតទទួល រងរបួសយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកអនុសេនីយ៍ឯក តោ សារូ នាយផ្នែកនគរបាលចរាចរខេត្តបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បើតាមសាក្សីឃើញហេតុការណ៍គឺមុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ១C ៩២៣៧ ជិះគ្នា២នាក់ បើកបរមកពីទិសខាងលិចទៅកើតលុះបើកមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកម៉ូតូបានឈប់បម្រុងបត់ឆ្វេងឆ្លងថ្នល់ទៅឃុំបុស្បូវ ស្រាប់តែរំពេចនោះ គេឃើញ រថយន្តកាម៉ារីដឹកផ្លែឈើ បើកបរយ៉ាងលឿន ក្នុងទិសដៅស្របគ្នា ចាប់ហ្វាំងអូស កង់ជា ច្រើនម៉ែត្រហើយជ្រុលទៅបុកពីក្រោយអ្នកជិះម៉ូតូទាំង០២នាក់អូសប្រវែងជិត២០ម៉ែត្រ បណ្តាលឲ្យស្រ្តីចំណាស់ម្នាក់អ្នករួមដំណើរខាងក្រោយបានស្លាប់មួយរំពេច ចំណែកអ្នក បើកម៉ូតូវិញទទួលរងរបួសយ៉ាងដំណំ ត្រូវបានគេដឹកបញ្ជូនសង្រ្គោះជីវិត នៅមន្ទីរពេទ្យ។ ចំណែករថយន្តបង្កឃើញដូច្នេះក៏បើករថយន្ត រត់គេចខ្លួន រហូតទៅដល់ស្រុកព្រះនេត្រព្រះទើប នគរបាលស្រុកព្រះនេត្រព្រះស្ទះចាប់បាន ចំណែកអ្នកបើកបររត់គេច ខ្លួនបាត់។ លោកនាយផ្នែកចរាចរខេត្តបានបន្តទៀតថា ជនរងគ្រោះបាត់បង់ជីវិតមានឈ្មោះ តិ វ៉ាន់ អាយុ៦៥ឆ្នាំ ចំណែកអ្នករងរបួសម្នាក់ទៀតឈ្មោះ សេង តុ ភេទប្រុស អាយុ២៥ឆ្នាំ អ្នកទាំង០២នាក់រស់នៅភូមិពោធិ៍ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។បើតាម ប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះ គឺជនរងគ្រោះចេញពីស្រុកបវេល ខេត្តបាត់ដំបង មក ខេត្តបន្ទាយមានជ័យដើម្បីចូលរួមពិធីបុណ្យនៅផ្ទះបងប្អូននៅឃុំបុស្បូវ។សាកសពជនរងគ្រោះត្រូវ បានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅចាត់ចែងធ្វើពិធីបុណ្យតាមប្រពៃណី។ រថយន្តបង្កនិងម៉ូតូជនរងគ្រោះត្រូវបាននគរបាល ចរាចរខេត្តនាំយកមកកាន់ ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យដើម្បីទុកដោះស្រាយតាមផ្លូវច្បាប់៕
By: GCNP
Subscribe to:
Post Comments (Atom)





No comments:
Post a Comment