Wednesday, 10 April 2013
នគរបាលខេត្តមណ្ឌលគីរីឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើអំពើហិង្សាដោយចេតនា
នគរបាលខេត្តមណ្ឌលគីរីឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើអំពើហិង្សាដោយចេតនា
ខេត្តមណ្ឌលគីរី៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣វេលាម៉ោង ២១និង០០នាទីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរីបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះពាក្យ សុខងី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាជាងជួសជុលរថយន្តមានទីលំនៅក្នុងផ្ទះជួល ស្ថិតនៅភូមិមានលាភ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី តាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ នួន ពិសី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តមានទីលំនៅក្នុងភូមិឃុំជាមួយគ្នា ។
ករណីបង្កហិង្សាដោយចេតនាខាងលើបានបណ្តាលឲ្យឈ្មោះ នួន ពិសី រងរបួសធ្ងន់ត្រង់ក្បាលចំណុចកណ្តាលក្បាលខាងលើទំហំ៤.៥ស.ម(ដេ ៤ថ្នេរ) និងមានស្នាមរបួសនៅត្រង់កែងដៃ និងកំភួនជើងជាច្រើនកន្លែងទៀត ។ លទ្ធផលនៃការស៊ើបអង្កេតរបស់នគរបាលជំនាញបានឲ្យដឹងថា ឈ្មោះ ពាក្យ សុខងី ពិតជាបានវាយទៅលើជនរងគ្រោះចំក្បាល កែងដៃ និងកំភួនជើងដោយដងសោជួសជុលរថយន្តពិតមែន ។
លោកឧត្តមសេនីយ៍ត្រី ញ៉ែម វ៉ាន់នី ស្នងការនគរបាលខេត្តមណ្ឌលគីរីបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសាលាតំបូងខេត្តមណ្ឌលគិរីដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ ។ រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកក្រុងសែនមនោរម្យ ក៏ប៉ុន្តែជនរងគ្រោះមិនទាន់ទទួលបានការព្យបាលនៅឡើយទេមកទល់នឹងព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣ ដោយសារគាត់មិនមានគ្រួសារ និងថវិកា ។ ដោយមានការអាណិតអាសូរដល់ជនរងគ្រោះដែលមិនមានសាច់ញាតិ និងធនធានដើម្បីព្យាបាលរបួស ទើបលោកឧត្តមសេនីយ៍ត្រី ញ៉ែម វ៉ាន់នី ស្នងការនគរបាលខេត្តមណ្ឌលគីរី និងលោក ឃុត សុភៀង ព្រះរាជអាជ្ញាអមសាលាតំបូងខេត្ត សហការគ្នាចេញថ្លៃសេវាព្យាបាលរបួសដល់ជនរងគ្រោះឈ្មោះ នួន ពិសី ឲ្យបានជាសះស្បើយដោយពួកគាត់ជាអ្នកទទួលខុសត្រូវលើចំណាយទាំងអស់ ៕
By:GCNP
Subscribe to:
Post Comments (Atom)




No comments:
Post a Comment