- តារាចម្រៀង ខេមរៈ សិរីមន្ត ទាមទារសំណង ជិត១០ម៉ឺនដុល្លារ ខណៈជនរងគ្រោះផ្សេងទៀត ទារជាង២ម៉ឺន ដុល្លារ
ភ្នំពេញៈ តារាចម្រៀង ខេមរៈ សិរីមន្ត នាយកុយ យាយណាង រួមនិងក្រុមគ្រួសារជនរងគ្រោះក្នុងឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរនៅខេត្តព្រះសីហនុ បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ជួយ ពន្លឿនរឿងក្តីរបស់ខ្លួន ដែលរហូតមកដល់ពេលនេះ មិនទាន់មានការចរចា ឬដោះស្រាយពីភាគីក្រុមហ៊ុនបង្ក ហេតុ SK នៅឡើយទេ។
ការថ្លែងស្នើឲ្យអាជ្ញាធរពន្លឿនរឿងក្តីរបស់ក្រុមជនរងគ្រោះជាអ្នកសិល្បៈខាងលើនេះ បានធ្វើឡើងក្នុងសន្និសីទរួម គ្នាមួយនៅសមាគមសិល្បករកម្ពុជា នៅខណ្ឌដូនពេញ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៣នេះ។
នៅក្នុងសន្និសីទនោះ ក្រុមគ្រួសារជនរងគ្រោះទាំងអស់ បានទាមទារសំណងពីក្រុមហ៊ុនក្នុងម្នាក់ៗជាង ២ម៉ឺន ដុល្លារ ដោយឡែក តារាចម្រៀង ខេមរៈ សិរីមន្តវិញ ទាមទារសំណងជិត១០ម៉ឺនដុល្លារ។
ជាមួយគ្នានេះ តារាកំប្លែង នាយកុយ និងក្រុមគ្រួសារជនរងគ្រោះផ្សេងទៀត សូមបដិសេធរាល់ពាក្យចចាមអារ៉ាម ថា ភាគីក្រុមហ៊ុនបានទូទាត់សំណងក្នុងម្នាក់ជាង២ម៉ឺនដុល្លារ ជូនពួកខ្លួន គឺមិនទាន់មានដោះស្រាយអ្វីទាំងអស់។
សូមបញ្ជាក់កាលពីរាត្រីថ្ងៃទី០៧ ខែមីនា រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនSK បានបុកពេញទំហឹងទៅលើរថយន្តក្រុមតារាចម្រៀងរបស់លោក ខេមរៈ សិរីមន្ត បណ្តាលឲ្យអ្នករួមដំណើរ៤នាក់ បានស្លាប់បាត់បង់ជីវិត។ ក្រោយពី កើតគ្រោះថ្នាក់ ទាំង ខេមរៈ សិរីមន្ត និងក្រុមគ្រួសាររងគ្រោះផ្សេងទៀត បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ហើយពាក្យបណ្តឹងក៏បានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុរួចរាល់ផងដែរ តែរហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៣ មិនទាន់មានដំណោះស្រាយនៅឡើយនោះទេ៕
Source: DAP
Subscribe to:
Post Comments (Atom)



No comments:
Post a Comment