ភ្នំពេញ៖ ទីលានបាល់ទាត់មួយកន្លែងទំហំ ១៤៤ ម៉ែត្រ x ១០៨ ម៉ែត្រ មានទីតាំង ស្ថិតក្នុងបរិវេណវិទ្យាល័យច្បារអំពៅ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែល ឧបត្ថម្ភថវិកាសាងសង់ដោយធនាគារវិនិយោគ និងអភិវឌ្ឍន៏វៀតណាម (BIDV) នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២នេះ ឯកឧត្តម កែប ជុតិមា អភិបាល រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធ និងបើកការប្រកួតបាល់ទាត់ជាមិត្តភាព រវាងមន្រ្តីរាជការ សាលារាជធានី ភ្នំពេញ និងសាស្រ្តាចារ្យវិទ្យាល័យច្បារអំពៅ ។
តាមរបាយការណ៍ លោក គួច ចំរើន អភិបាលខណ្ឌមានជ័យ បានឲ្យដឹងថា ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១១ ទីលានបាល់ទាត់នេះ ជាដីលិចទឹក ខួបប្រាំង ខួបវស្សា ហើយត្រូវបានសាលាយកធ្វើជាកន្លែងដាំពោត ថ្នាំជក់ ធ្វើស្រែ ប្រាំង ដាំអំពៅ ដាំត្រប់ និងដំណាំផ្សេងៗទៀត។ លុះមកដល់ ដើម ឆ្នាំសិក្សា ២០១១-២០១២ ឯកឧត្តមអភិបាល ក៏បានសម្រេចឲ្យស្ថាបនាទីលានបាល់ទាត់ថ្មីមួយឡើង ជាប្រយោជន៍សម្រាប់ឲ្យយុវជនយើងមាន លទ្ធភាពចូលរួមហាត់កីឡាបានគ្រប់គ្រប់គ្នាៗ។ លោកអភិបាលខណ្ឌ ក៏បានឲ្យដឹងទៀតដែរថា ក្នុងការស្ថាបនាទីលានបាល់ទាត់នេះ សាលាខណ្ឌមានជ័យ បានកាយយកដីល្បប់ចេញ រួចបូមខ្សាច់ និងចាក់ដីស ដីក្រហមបំពេញទីលាន រៀបចំដាំស្មៅ និងប្រព័ន្ធផ្លូវជុំវិញទីលាន ឲ្យមានសោភ័ណភាព ស្រស់បំព្រងស្របតាមស្តង់ដា ដោយចំណាយថវិកាអស់ចំនួន ១០៤.៥៨២ ដុល្លាអាមេរិក ដែលជាថវិការបស់ ធនាគារវិនិយោគ និងអភិវឌ្ឍន៏វៀតណាម ព្រមទាំងបានបូមដីចាក់បំពេញនៅខាងមុខទីលានបាល់ចំនួន ៣០.៤២៧ ម៉ែត្រគូប បន្ថែមទៀតដោយចំណាយថវិកា ចំនួន ៤៨.៨៥៦ ដុល្លាអាមេរិក ជាថវិការបស់សាលារាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមអភិបាល បានសម្តែងនូវអំណរអរគុណ ចំពោះធនាគារវិនិយោគ និងអភិវឌ្ឍន៏វៀតណាម ដែលបាន ផ្តល់ជាថវិកាចំនួន ៥០ ម៉ឺនដុល្លាអាមេរិក ដើម្បីជាការរួមចំណែកក្នុងការ អភិវឌ្ឍន៍វិស័យសង្គមកិច្ច និងវិស័យអប់រំនៅរាជធានីភ្នំពេញ ក្នុងនោះ សាងសង់អគារស្នាក់នៅនារី និងបណ្តុះបណ្តាលមុខជំនាញមួយខ្នង ជូនដល់ជនរងគ្រោះដោយគ្រឿងញៀន នៅមជ្ឈមណ្ឌលឱកាសខ្ញុំ សាងសង់អគារសាលាមតេយ្យកុមារមិត្តភាព មួយខ្នង នៅសង្កាត់មិត្តភាព ខណ្ឌ ៧មករា និងទីលានបាល់ទាត់ នៅវិទ្យាល័យ ច្បារអំពៅដែលអាចចាត់ទុកបានថាឈានចូលដល់កម្រឹតអន្តរជាតិបាន។ ជាមួយគ្នានេះ ឯកឧត្តម ក៍បានកោតសរសើរ ដល់វិទ្យាល័យច្បារអំពៅ ក៍ដូចជាសាលាខណ្ឌមានជ័យ ដែលបានខិតខំ ប្រឹងប្រែងកសាងបាននូវបណ្តាសមិទ្ធិផល ជាច្រើនឲ្យមានការលូតលាស់ និងមានរបៀបរៀបរយគួរឲ្យកត់សម្គាល់។ ឯកឧត្តមអភិបាល បានបន្តទៀតថា វិស័យកីឡាគឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការកសាងធនធានមនុស្ស ពិសេស ក្នុងស្រទាប់យុវជនឲ្យមានកាយសម្បទា មាំមួន មានប្រាជ្ញាវៃឆ្លាត ព្រមទាំងបានធ្វើឲ្យយុវជនជៀសផុតការកំសាន្តផ្សេងទៀត ដែលមិនត្រឹមត្រូវ។
បន្ទាប់មក ក៍មានការប្រកួតកីឡាបាល់ទាត់ជាមិត្តភាព រវាងមន្រ្តីរាជការ សាលារាជធានីភ្នំពេញ ខណ្ឌមានជ័យ និងសាស្រ្តាចារ្យវិទ្យាល័យច្បារអំពៅ ដែលជាលទ្ធផលក្រុមមន្រ្តីរាជការសាលារាជធានីភ្នំពេញ ខណ្ឌមានជ័យ បាន ទាត់បញ្ចូលទីឈ្នះក្រុមសាស្រ្តាចារ្យវិទ្យាល័យច្បារអំពៅ ៤ ទល់នឹង ០ ហើយ ឯកឧត្តមអភិបាល បានប្រគល់ ជារង្វាន់ដល់ក្រុមទទួលជ័យជំនះចំនួន ៥ លាន រៀល ក្រុមចាញ់ ៣ លានរៀល និងឧបត្ថម្ភដល់អាជ្ញាកណ្តាល ៤នាក់ម្នាក់ៗ ២០០ ដុល្លារ គណកម្មការសម្របសម្រួល ២០០ ដុល្លា សិស្សកាន់ទង់ FIFA ៦ នាក់ ម្នាក់ៗ ២ម៉ឺនរៀល លោកគ្រូគថ្លង់មួយនាក់ ៣ ម៉ឺនរៀល សិស្សគថ្លង់ ៤៦ នាក់ សិស្សកាយរិទ្ធ ១០០ នាក់ យុវជន កាកបាទក្រហម ៥០ នាក់ ម្នាក់ៗទទួលបាន ១ ម៉ឺនរៀល ។ ដោយ៖ សាលារាជធានីភ្នំពេញ
Tuesday, 24 January 2012
Subscribe to:
Post Comments (Atom)



No comments:
Post a Comment