ភ្នំពេញ៖ ស្ថានភាពជាក់ស្តែង នៃបរិមាណសំណល់សំរាមទីក្រុង កើនឡើងយ៉ាងខ្លាំង ជាពិសេស សាលារាជធានីភ្នំពេញ បានសង្កេតឃើញថា ថង់ប្លាស្ទីក និងសម្ភារៈវេចខ្ចប់មិនងាយរលួយមួយចំនួន បានក្លាយជាវត្ថុសាមញ្ញ និងពេញនិយម ក្នុងការប្រើប្រាស់ជាទូទៅ នៅតាមទីផ្សារ ក៏ដូចជាក្នុងសង្គមគ្រួសារបច្ចុប្បន្ន។ ហើយឧបករណ៍វេច ខ្ចប់ទំាងនោះ បានក្លាយជាសំណល់សំរាមក្នុងទីក្រុង ដែលជារឿយៗត្រូវធ្វើការបោសសំអាត ប្រមូល ដឹកជញ្ជូន និងទុកដាក់នៅទីលានចាក់សំរាម ជារៀងរាល់ថ្ងៃ។ តាមការស្រាវជ្រាវ ថង់ប្លាស្ទីក និងសម្ភារៈវេចខ្ចប់មិនងាយរលួយមួយចំនួន បានផលិតចេញពីសារធាតុ ឥន្ធនៈហ្វូស៊ីល ដែលមានអាយុកាលពី ៤ ដល់ ១០សតវត្ស ទើបធ្វើការបំលែងសារធាតុរបស់ខ្លួន។
បច្ចុប្បន្ន សំណល់ប្រភេទនេះ មានវត្តមានលើទីសារធារណៈ តាមដងផ្លូវ ប្រលាយ លូ បឹង វាលស្រែ និងទន្លេ ធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងបរិស្ថានទីក្រុង ហើយមួយចំនួនទៀតត្រូវបានឆេះ ដោយសារសកម្មភាពមនុស្ស នៅទីវាលចំហ បានបញ្ចេញនូវឧស្ម័នមានសារធាតុបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វ។
អាជ្ញាធររាជធានីធ្លាប់បានពិភាក្សាពីគម្រោងកាត់បន្ថយសំណល់ប្លាស្ទីក នាពេលកន្លងមក ហើយដើម្បីឱ្យមានការចូលរួម និងអនុវត្តឱ្យមានប្រសិទ្ធភាព នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២ នៅសាលារាជធានីភ្នំពេញ បានរៀបចំឱ្យមានការចូលរួមពិភាក្សា ពីតំណាងផ្សារទំនើបៗក្នុងរាជធានី មកចូលរួមកិច្ចប្រជុំស្តីពីការរៀបចំផែនការកាត់បន្ថយសំណល់ថង់ប្លាស្ទីក ក្រោមការដឹកនាំ លោក ច័ន្ទ សំអាន អភិបាលរងរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកអភិបាលរង បានសំណូមពរ ឱ្យខាងតំណាងផ្សារទំនើបនានា ជួយផ្សព្វផ្សាយបន្តដល់អាជីវករ ជួយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក និងរិះរកនូវរបស់ប្រើប្រាស់អ្វីមកជំនួសវិញ ដូចជា ថង់ក្រណាត់ កន្ត្រកធាងត្នោត ឫស្សី ដែលប្រើប្រាស់បានច្រើនដង ពិសេសយកចិត្តទុកដាក់ លើរបស់វេចខ្ចប់ណាដែលងាយរលួយ ដូចជា ស្លឹកចេក ស្លឹកឈូក ក្រដាស ជាដើម។ ដោយ៖ សាលារាជធានីភ្នំពេញ
Tuesday, 24 January 2012
Subscribe to:
Post Comments (Atom)



No comments:
Post a Comment