Pages

Subscribe:

Ads 468x60px

Saturday, 31 March 2012

ប្រធានាធិបតី​ចិន​ផ្ដល់​​ប្រាក់​ជំនួយ​ជា​កាដូ​ដល់​កម្ពុជា

ប្រធានាធិបតី​ចិន​ផ្ដល់​​ប្រាក់​ជំនួយ​ជា​កាដូ​ដល់​កម្ពុជា

ប្រធានាធិបតី​ចិន លោក ហ៊ូ ជិនតាវ (Hu Jintao) នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១២ បាន​ឯកភាព​ផ្ដល់​ជំនួយ​ចំនួន​រវាង ៣០០​លាន​ដុល្លារ​អាមេរិក ទៅ ៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ សំរាប់​រយៈពេល ៥​ឆ្នាំ តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​យក​មក​ចំណាយ​លើ​គំរោង​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ ផ្លូវថ្នល់ ស្ពាន និង​វិស័យ​កសិកម្ម​ជាដើម។
បន្ថែម​លើ​នេះ​ទៀត លោក ហ៊ូ ជិនតាវ បាន​សន្យា​ថា ប្រទេស​ចិន និង​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន ២៥០​លាន​យន់ ស្មើ​នឹង​ជាង ៣២​លាន​ដុល្លារ​អាមេរិក និង​កម្ចី​សម្បទាន​ចំនួន ២០០​លាន​យន់​ទៀត ស្មើ​នឹង​ជាង ២៥​លាន​ដុល្លារ​អាមេរិក ជា​អំណោយ ឬ​កាដូ ក្នុង​ពេល​លោក​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា ពេល​នេះ។
ក្រុម​អ្នក​តាម​ដាន​សភាពការណ៍​នយោបាយ​អន្តរជាតិ បាន​កត់​សំគាល់​ថា កាដូ​នេះ​គឺ​នៅ​គ្រា​ដែល​ប្រទេស​កម្ពុជា ជា​ប្រធាន​អាស៊ាន បាន​សន្យា​ថា នឹង​មិន​លើក​យក​បញ្ហា​ជំលោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ឲ្យ​ក្លាយ​ជា​បញ្ហា​អន្តរជាតិ​ទេ ដោយ​ទុក​បញ្ហា​នេះ​សំរាប់​ការ​ដោះស្រាយ​ក្នុង​ក្របខ័ណ្ឌ​រវាង​អាស៊ាន និង​ចិន។ មួយ​វិញ​ទៀត លោក ហ៊ូ ជិនតាវ បាន​អរគុណ​លោក ហ៊ុន សែន ដែល​រក្សា​គោលនយោបាយ​ចិន​តែមួយ។
រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយករដ្ឋមន្ត្រី លោក ស្រ៊ី ថាមរុង្គ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ឯ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១២ ក្រោយ​ពី​ជំនួប​រយៈពេល​ជាង ២​ម៉ោង រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​ចិន ហ៊ូ ជិនតាវ ថា ទស្សនកិច្ច​នេះ​បាន​ផ្ដល់​លទ្ធផល​ល្អ និង​ភាព​ជោគជ័យ ដោយ​ភាគី​ទាំង​ពីរ កម្ពុជា និង​ចិន បន្ត​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ និង​ការ​ជឿ​ទុក​ចិត្ត​គ្នា​ជា​ដៃគូ​យុទ្ធសាស្ត្រ៖ «យើង​ដឹង​ហើយ​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន បាន​ដើរ​ដល់​ជំហាន​មួយ​ខ្ពស់ គឺ​ថា ទំនាក់ទំនង​ជា​យុទ្ធសាស្ត្រ ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ»
ទាក់ទង​នឹង​ជំនួយ​របស់​ប្រទេស​ចិន​នោះ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា កម្ពុជា​កំពុង​តែ​ផុង​ជ្រៅ​ក្នុង​ការ​ខ្ចី​បុល​ពី​ប្រទេស​ចិន ចំនួន​រហូត​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក​មក​ដល់​ពេល​នេះ។
លោក សុន ឆ័យ បន្ថែម​ដូច្នេះ៖ «នាំ​ឲ្យ​ប្រទេស​កម្ពុជា រង​គ្រោះ​ថ្នាក់​ច្រើន​យ៉ាង។ ការ​តម្រូវ​ឲ្យ​សង​ប្រទេស​ចិន ក្នុង​រយៈពេល​ខ្លី ដែល​ក្នុង​នោះ​យើង​មិន​អាច​មាន​លទ្ធភាព​ក្នុង​ការ​សង​ឲ្យ​ទាន់​ពេល​វេលា ក្រៅ​តែ​ពី​ផ្ដល់​នូវ​ធនធាន​រ៉ែ​ផ្សេងៗ ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ជា​សំណង...»
ក្រៅ​ពី​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​ចិន លោក ហ៊ូ ជិនតាវ បាន​ឯកភាព​គ្នា​ថា នឹង​បង្កើន​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​ចិន និង​កម្ពុជា ឲ្យ​កើន​ដល់​ចំនួន ២.៥០០​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៥។ 
លោក ហ៊ុន សែន និង​លោក ហ៊ូ ជិនតាវ បាន​ចូល​រួម​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​ចំនួន ១០ ផ្ដោត​លើ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ប្រព័ន្ធ​ធារាសាស្ត្រ ផ្លូវថ្នល់ ស្ពាន និង​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ទៀត។
នៅ​ក្នុង​ជំនួប​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​ចិន លោក ហ៊ូ ជិនតាវ នោះ​ដែរ លោក ហ៊ុន សែន ក៏​បាន​បញ្ជាក់​ថា កម្ពុជា​ជា​ប្រធាន​អាស៊ាន គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​បញ្ហា​ជំលោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ ស្ថិត​នៅ​ក្នុង​ការ​ពិភាក្សា​រវាង​ចិន និង​អាស៊ាន។ លោក​មិន​ឲ្យ​បញ្ហា​នេះ​ក្លាយ​ជា​បញ្ហា​អន្តរជាតិ​ទេ។
មួយ​វិញ​ទៀត លោក ហ៊ូ ជិនតាវ បាន​បញ្ជាក់​ដែរ​ថា ប្រទេស​ចិន គាំទ្រ​ប្រទេស​កម្ពុជា ឲ្យ​ក្លាយ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​ សហប្រជាជាតិ​សំរាប់​អាណត្តិ​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៤ ខាង​មុខ​នេះ៕ដោយ៖ RFA

No comments:

Post a Comment