Pages

Subscribe:

Ads 468x60px

Wednesday, 15 February 2012

ការ​យល់​ដឹង​និង​ឥរិយាបថ​យុវវ័យ​ចំពោះ​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់

នៅ​ក្នុង​ឱកាស​ទិវា​នៃ​ក្ដី​ស្រលាញ់ ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា វ៉ាឡិនថាញ ដេយ (Valentine’s day) ក្រសួង​ស្ថាប័ន​អប់រំ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ពាក់ព័ន្ធ​បញ្ហា​យុវជន បាន​ធ្វើ​យុទ្ធនាការ​ទប់ស្កាត់​ការ​ភ្លើតភ្លើន​ហួសហេតុ​របស់​យុវវ័យ​នៅ​ ក្នុង​ទិវា​នេះ។

កន្លង​ទៅ​មាន​ការ​រិះគន់​ដល់​យុវវ័យ​ថា បាន​យល់​ច្រឡំ​ចំពោះ​អត្ថន័យ​ទិវា​ក្ដី​ស្រលាញ់​ថ្ងៃ​ទី​១៤ កុម្ភៈ គឺ​ជា​ថ្ងៃ​បុណ្យ​សង្សារ ដែល​នាំ​ឲ្យ​យុវវ័យ​មួយ​ចំនួន បាន​បូជា​ខ្លួន​ប្រាណ​ទៅ​ឲ្យ​គូ​សង្សារ​របស់​ពួកគេ​ នៅ​ក្នុង​ថ្ងៃ​នោះ​ទៀត​ផង។
តើ​យុវវ័យ​មាន​ការ​យល់​ដឹង និង​មាន​ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ​យ៉ាង​ណា​ខ្លះ​ចំពោះ​ទិវា​នេះ?
ផ្កា​កូឡាប​ត្រូវ​បាន​យុវវ័យ​ភាគ​ច្រើន​ចាត់​ទុក​ថា ជា​និម្មិត​រូប​សំខាន់​ក្នុង​ដួង​ចិត្ត​របស់​ពួកគេ ដោយ​អ្នក​ខ្លះ​គេ​ចាត់​ទុក​ផ្កា​កូឡាប​ជា​តំណាង​នៃ​ក្ដី​ស្រលាញ់​របស់​គេ​ទៅ ​លើ​នរណា​ម្នាក់។
ផ្កា​កូឡាប​ចម្រុះពណ៌ត្រូវ​បាន​គេ​ដាក់​លក់ និង​តាំង​បង្ហាញ លាយ​ឡំ​នឹង​តុក្កតា វត្ថុ​ផ្សេងៗ​ធ្វើ​ជា​រាង​បេះដូង និង​ស្ករ​សូកូឡា​យ៉ាង​ច្រើន នៅ​តាម​ស្តង់​នា​ដង​វិថី​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ ខុស​ពី​ថ្ងៃ​ធម្មតា។ វត្ថុ​ម្យ៉ាង​ដែល​ពិសេស​ជាង​គេ​នា​ពេល​នេះ គឺ​ផ្កា​កូឡាប​ដែល​គេ​ទិញ​ជូន​គ្នា​សម្រាប់​ជា​តំណាង​ដោយ​សេចក្ដី​ស្រលាញ់​ នៅ​ក្នុង​ឱកាស​ទិវា​នៃ​ក្ដី​ស្រលាញ់ ថ្ងៃ​ទី​១៤ កុម្ភៈ។

ក្នុង​ទឹក​មុខ​ញញឹម​ស្រស់បស់ យុវតី​អាយុ ១៩​ឆ្នាំ ឈ្មោះ ហេង នីសា បាន​រៀបរាប់​ថា នៅ​ក្នុង​ឱកាស​នេះ​នាង​យល់​ថា អាច​លក់​ផ្កា​បាន​ចំណេញ​ច្រើន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នាង​ជា​អ្នក​លក់​បាន​យល់​ដឹង​ពី​អត្ថន័យ​នៃ​ទិវា​នេះ​យ៉ាង​ច្បាស់​ដែរ។
យុវតី ហេង នីសា៖ «អ្នក​ខ្លះ​ចង់​ទិញ​ជូន​ប៉ា​ម៉ាក់​គេ ឬ​ក៏​បងប្រុស​បង​ស្រី ឬ​ប្អូន​គេ​អ៊ីចឹង មាន​ដូច​ជា​តុក្កតា សូកូឡា ផ្កា​និយាយ​ទៅ​ផ្កា​គឺ​ជា​តំណាង​នៃ​ក្ដី​ស្រលាញ់ សូកូឡា អ៊ីចឹង​និយាយ​ពី​ភាព​ផ្អែមល្ហែម គឺ​របៀប​ថា សំដៅ​ទៅ​ការ​ជិតស្និទ្ធ មិន​មែន​តែ​សំដៅ​តែ​គូរ​សង្សារ​ទេ និយាយ​ទៅ​ដូច​ជា​យើង​ស្រលាញ់​ម៉ាក់​ប៉ា មនុស្ស​ជា​ទី​ស្រលាញ់​របស់​យើង បងប្អូន​យើង ក្រុម​គ្រួសារ​សាច់ញាតិ​របស់​យើង ឬ​ក៏​ជីដូន​ជីតា​ផ្សេងៗ»
យុវតី​អាយុ ១៧​ឆ្នាំ ឈ្មោះ ហ្សូ ហេឡេន រៀន​នៅ​សាកលវិទ្យាល័យ​វ៉េនស្ទើ (Western) ដែល​បាន​ទិញ​ផ្កា​ជូន​ឪពុក​ម្ដាយ​របស់​នាង​នៅ​ក្នុង​ទិវា​នៃ​ក្ដី​ស្រលាញ់ បាន​អះអាង​ថា តាមរយៈ​ការ​អប់រំ​នៅ​ក្នុង​សាលា​កន្លង​មក លោក​គ្រូ​អ្នក​គ្រូ និង​សាស្ត្រាចារ្យ​ក៏​បាន​បញ្ជ្រាប​ពី​អត្ថន័យ​នៃ​ទិវា​នេះ​ដែរ។
នាង​បាន​ដំអក់​បន្តិច​នៅ​ពេល​លឺ​សំណួរ​ថា យុវវ័យ​មួយ​ចំនួន​បាន​យល់​ច្រឡំ និង​ប្រព្រឹត្ត​មិន​គប្បី​នៅ​ក្នុង​ឱកាស​នេះ៖ «ឃើញ ​គេ​ដាក់​តាម​ទស្សនាវដ្ដី​ឃើញ​អី គេ​សរសេរ​ថា ថ្ងៃ​ហ្នឹង​ជា​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រលាញ់ មិន​មែន​ទិវា​ឡើង​ផ្ទះ​សំណាក់ ឬ​ក៏​សណ្ឋាគារ​នោះ​ទេ ខ្ញុំ​បាន​ឃើញ​គ្រប​ខាង​លើ។ ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់ គឺ​មិន​មែន​សម្រាប់​តែ​សង្សារ​តែ​ពីរ​នាក់​ទេ អាច​ជូន​ទៅ​ដល់​បងប្អូន​ក៏​ដូច​ជា ក្រុម​គ្រួសារ​របស់​យើង​អ្នក​ដែល​យើង​ស្រលាញ់​ទាំង​អស់ មិន​មែន​ចំពោះ​តែ​គូរ​សង្សារ​ទេ»
យុវជន​ឈ្មោះ អ៊ឹង សុខា អាយុ ២២​ឆ្នាំ មាន​ជំនឿ​ថា យុវវ័យ​មាន​ការ​យល់​ដឹង​ច្រើន​ចំពោះ​អត្ថន័យ​នៃ​ទិវា​ក្ដី​ស្រលាញ់ ដោយ​សារ​មាន​ការ​អប់រំ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​តាម​គ្រឹះស្ថាន​អប់រំ​ជា​ដើម៖ «ពី​មុន​មក​ករណី​ហ្នឹង​អាច​កើត​ឡើង​ ច្រើន​ដែរ ពី​ព្រោះ​អី​ឃើញ​ផ្សាយ​តាម​កាសែត​ទូរទស្សន៍​អី​គេ​បាន​និយាយ​ច្រើន​ពី​បញ្ហា ​ហ្នឹង។ ករណី​ថា ថ្ងៃ​បុណ្យ​សង្សារ​ឡើង​ផ្ទះ​សំណាក់ ប្រគល់​ខ្លួន​ប្រគល់​អ៊ីចឹង។ ប៉ុន្តែ​ខ្ញុំ​ក៏​អត់​ដឹង​ច្បាស់​ដែរ​រឿង​ហ្នឹង តែ​សម្រាប់​ពួក​ខ្ញុំ​អត់​មាន​យល់​អ៊ីចឹង​ទេ គិត​ថា ថ្ងៃ​ហ្នឹង​ជា​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​មិន​មែន​ជា​ថ្ងៃ​បុណ្យ​សង្សារ​ ប្រគល់​ខ្លួន​ប្រគល់​ប្រាណ​អី​ទេ»
នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ពង្រីក​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ផ្ដាំ​ផ្ញើ​ឲ្យ​យុវវ័យ​មាន​ការ​យល់​ដឹង​ឲ្យ​ច្បាស់​ចំពោះ​អត្ថន័យ​ ពិធី​បុណ្យ​នៃ​ក្ដី​ស្រលាញ់​នេះ រក្សា​សេចក្ដី​ស្រលាញ់​ឲ្យ​នៅ​គង់វង្ស​ស្ថិតស្ថេរ គោរព​ប្រតិបត្តិ​ដល់​មាតាបិតា។
លោក ហ៊ុន សែន៖ «ឥឡូវ​យើង​រាំង​ស្កាត់​ចំពោះ​យុវជន​ក៏​វា​លំបាក ប៉ុន្តែ​សុំ​ឲ្យ​យុវជន​យុវនារី​យល់​ឃើញ​ថា នេះ​មិន​មែន​ជា​វប្បធម៌​របស់​យើង​ទេ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​ក្មួយៗ ឬ​ក៏​អ្នក​ដទៃ បាន​ជា​ធ្វើ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ទៅ​ហើយ។ ហើយ​ក្ដី​ស្រលាញ់​របស់​យើង​នេះ គឺ​មិន​មែន​សំដៅ​តែ​ចំពោះ​ប្រុស​ស្នេហ៍ ឬ​ស្រី​ស្នេហ៍​ទេ មិន​មែន​ទេ ហើយ​កុំ​ឲ្យ​ស្រលាញ់​តែ​មួយ​ថ្ងៃ សុំ​ឲ្យ​ស្រលាញ់​មួយ​ជីវិត ស្រលាញ់​ម្ភៃ​បួន​ម៉ោង ស្រលាញ់​មួយ​អាទិត្យ ស្រលាញ់​មួយ​ខែ ស្រលាញ់ ៣៦៥​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ ស្រលាញ់​ត​រៀង​រហូត​ទៅ កុំ​ឲ្យ​ស្រលាញ់​តែ​មួយ​ថ្ងៃ​ហ្នឹង​ស្អែក​បោះ​បង់​ចោល»
នៅ​ក្នុង​ឱកាស​នេះ គឺ​ជា​ពេលវេលា​មួយ​ដែល​អ្នក​ប្រកប​អាជីវកម្ម​លក់​ផ្កា​ទទួល​បាន​ផល​ចំណេញ​ច្រើន។
បុគ្គលិក​វេច​ខ្ចប់​ផ្កា​របស់​ហាង ខ្មែរ​ហាត (Khmer heart) នៅ​តាម​វិថី​ប៉ាស្ទ័រ បាន​ថ្លែង​ទាំង​មមាញឹក ដោយ​ដៃ​កំពុង​វេច​ខ្ចប់​ផ្កា​ជូន​អតិថិជន​ថា គាត់​លក់​អស់​រាល់​ទិវា​នេះ​ម្ដងៗ​មិន​ដែល​សល់​ទេ៖ «លក់​អស់​រាល់​ឆ្នាំ​ហ្មង។ នេះ​មួយ​បាច់​នេះ​មួយ​រយ​ទង ១៥០​​ដុល្លារ​ទាំង​ខ្ចប់។ គេ​ទិញ​ជូន​ប៉ា​ម៉ាក់ ជូន​ភរិយា​អ៊ីចឹង​ណា»
យុវវ័យ​មួយ​ក្រុម​គេ​បាន​ទាញ​យក​ផល​ប្រយោជន៍​ពី​ការ​លក់​ផ្កា​នៅ​ក្នុង​ ទិវា​នៃ​ក្ដី​ស្រលាញ់ ឬ​គេ​ហៅ​ថា ថ្ងៃ​បុណ្យ​សង្សារ ទី​១៤ កុម្ភៈ​នេះ ដើម្បី​ជួយ​ដល់​កុមារ​ក្នុង​សហគមន៍​ក្រីក្រ។
កញ្ញា គុយ កែវ មរកត អាយុ ២០​ឆ្នាំ ជា​សិស្ស​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​បាន​រៀបរាប់​ដូច្នេះ៖ «ពួក ​ខ្ញុំ​រៀន​ខាង​ Business (ពាណិជ្ជកម្ម) ដល់​ពេល​អ៊ីចឹង គ្រូ​គាត់​ឲ្យ​ខ្ញុំ​រក​វិធីសាស្ត្រ​អី​ដើម្បី​រក​ប្រាក់​ចំណេញ​បាន ដើម្បី​ទៅ​ជួយ​សហគមន៍​ក្មេង​កំព្រា ក្មេង​ក្រីក្រ​អ៊ីចឹង​ទៅ។ ពួក​ខ្ញុំ​ដូច​ថា ត្រូវ​លក់​នរណា​ដែល​អាច​បាន​ចំណេញ និង​លក់​ស្រួល ហើយ​លក់​នោះ​មិនមែន​សំខាន់​លើ​បុណ្យ​សង្សារ​អី​ទេ ដូច​ថា នរណា​ចង់​ទិញ​ជូន​អ្នក​ជា​ទី​ស្រលាញ់ ទិញ​ជូន​មិត្ត​ភក្តិ​បង​ប្អូន ម៉ាក់​ប៉ា។ គោលការណ៍​ពួកគាត់​ត្រូវ​ជួយ​ក្មេង»
ទិវា​នៃ​ក្ដី​ស្រលាញ់​មាន​ដើម​កំណើត​មក​ពី​លោក វ៉ាឡិនថាញ (Valentine) ជា​ជនជាតិ​រ៉ូមុំាង​ម្នាក់​បាន​បាត់បង់​ជីវិត ដោយសារ​ការ​ប្រឆាំង​ដាច់​ខាត​មិន​លះ​បង់​ជំនឿ​ទៅ​លើ​ព្រះ​យេស៊ូគ្រិស្ត។ ហើយ​បុរស​នេះ​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ប៉ុន្តែ​ឆ្នាំ​មាន​ការ​សរសេរ​ខុសៗ ​គ្នា។ ការ​កត់ត្រា​ខ្លះ​ថា ឆ្នាំ​២៩៦ ខ្លះ​ថា ឆ្នាំ​២៧០ និង​ខ្លះ​ទៀត​ថា ឆ្នាំ​២៧៣។ ថ្ងៃ​១៤ កុម្ភៈ ត្រូវ​បាន​គេ​ឧទ្ទិស​បូជា​សម្រាប់​សេចក្ដី​ស្រលាញ់។ មិន​យូរ​ប៉ុន្មាន​ថ្ងៃ​នោះ​ត្រូវ​បាន​មនុស្ស​ទូទៅ​នាំ​គ្នា​ផ្ញើ​សារ​នៃ​ សេចក្ដី​ស្រលាញ់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​លោក វ៉ាឡិនថាញ បាន​ក្លាយ​ជា​និមិត្តរូប​នៃ​សេចក្ដី​ស្រលាញ់​សម្រាប់​គូស្នេហ៍​បង្ហាញ​ សេចក្ដី​ស្រលាញ់​ទៅ​កាន់​មិត្ត​ភក្តិ និង​អ្នក​ជា​ទី​ស្រលាញ់​ដោយ​ផ្ញើ​ពាក្យ​កាព្យ និង​កាដូ​ (វត្ថុ​អនុស្សាវរីយ៍) មាន​ដូច​ជា​ផ្កា​ជាដើម៕ ដោយ៖ RFA

No comments:

Post a Comment