ប្រធានធនាគារនៃប្រទេសចិន នៅថ្ងៃ១ ខែកុម្ភៈ ឆ្នាំ២០១២ បានឯកភាពផ្ដល់ប្រាក់កម្ចីជាង ៥០០លានដុល្លារអាមេរិក តាមសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីយកមកចំណាយលើគំរោងអភិវឌ្ឍន៍ចំនួន ៧ នៅកម្ពុជា។
នៅក្នុងចំណោមគំរោងអភិវឌ្ឍន៍ចំនួន ៧នោះ មានដូចជា គំរោងសាងសង់ផ្លូវជាតិលេខ ៦ ចាប់ពីកំណាត់ផ្លូវកែងមួយនៅខេត្តកំពង់ចាម ឆ្ពោះទៅខេត្តសៀមរាប ដែលជាផ្លូវសេដ្ឋកិច្ច និងទេសចរណ៍ រវាងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ គេមិនទាន់បានឲ្យដឹងថា គំរោងសាងសង់នោះនឹងចាប់ផ្ដើមនៅពេលណាទេ។
ការឯកភាពនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយប្រធានធនាគាររដ្ឋចិន លោក លី រូហ្គូ (Li Ruogu) នៅឯវិមានសន្តិភាព នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១២។
ជំនួយការផ្ទាល់របស់លោក ហ៊ុន សែន គឺលោក អៀង សុផល្លែត បានមានប្រសាសន៍ថា គំរោងអភិវឌ្ឍន៍ដែលបានឯកភាពនោះ គឺជាគំរោងសំខាន់ៗក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុង ប្រទេសកម្ពុជា៖ «ជាការឆ្លើយតប ឯកឧត្តម លី បានមានប្រសាសន៍ថា ឯកឧត្ដមនឹងចាត់ទុកគំរោងផ្លូវជាតិលេខ ៦ នេះ ជាគំរោងអាទិភាព។ លោកនឹងពិនិត្យមើលលើគំរោងនេះ នៅពេលវិលត្រឡប់ទៅវិញ ហើយក៏បានធានាអះអាងថា នៅក្នុងឆ្នាំ២០១២ នេះ លើគំរោងទាំង៧ ដែលបានលើកឡើងនោះ នឹងមិនមានបញ្ហាទេសំរាប់ផ្ដល់ជូនដល់កម្ពុជា»។
បន្ថែមលើនេះទៀត ប្រធានធនាគាររដ្ឋចិន លោក លី រូហ្គូ គ្រោងចុះហត្ថលេខាជាមួយភាគីរដ្ឋាភិបាលកម្ពុជា លើគំរោងអភិវឌ្ឍន៍ចំនួន ៣ទៀត គឺគំរោងសាងសង់ផ្លូវលេខ ២១៤ ផ្លូវលេខ ៧៦ និងគំរោងសាងសង់ប្រព័ន្ធធារាសាស្ត្រមួយចំនួនទៀត។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានមានប្រសាសន៍ថា លោកចង់ឃើញរដ្ឋាភិបាលប្រើប្រាស់ថវិកាកម្ចីនេះដោយតម្លាភាព៖ «ត្រូវសំដែងភាពស្មោះត្រង់ចំពោះប្រជាពលរដ្ឋរបស់ខ្លួន»។
ប្រធានធនាគាររដ្ឋចិនបានបញ្ជាក់ប្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ធនាគាររដ្ឋចិន សំរេចដកចេញនូវការកំណត់ចំនួននៃប្រាក់កម្ចីឥណទាន សម្បទានចំពោះរដ្ឋជាសមាជិករបស់អាស៊ាន ចំនួន ១០ រាប់ទាំងកម្ពុជាដែរ។
លោក សុន ឆ័យ បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ប្រទេសកម្ពុជា បានជំពាក់បំណុលប្រទេសចិន ចំនួនជាង ២.០០០លានដុល្លារអាមេរិក និងជំពាក់បំណុលប្រទេសដទៃទៀត សរុបទាំងអស់ចំនួន ៦.០០០លានដុល្លារអាមេរិក៕ ដោយ៖ RFA
Thursday, 2 February 2012
Subscribe to:
Post Comments (Atom)



No comments:
Post a Comment