ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសៅរ៍ម្សិលមិញ បានចេញរបាយការណ៍សង្ខេបមួយ បញ្ជាក់ពីសេចក្ដីសម្រេចរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ថានឹងមិនយល់ព្រមតែងតាំងសហចៅក្រមស៊ើបអង្កេតអន្តរជាតិ លោក ឡូរ៉ង់ កាស្ពែរ អានសើមេត៍ (Laurent Kasper–Ansermet) ទៅបម្រើការនៅសាលាក្ដីខ្មែរក្រហមទេ។
របាយការណ៍សង្ខេបក៏បញ្ជាក់មូលហេតុចម្បងនៃការមិនតែងតាំងនោះថា មកពីលោក ឡូរ៉ង់ មិនរក្សាការសំងាត់កិច្ចការតុលាការ ព្រមទាំងរំលោភក្រមសីលធម៌ចៅក្រមនៅសាលាក្ដីខ្មែរក្រហម ដោយសារលោកបានចុះផ្សាយអត្ថបទជាច្រើនតាមរយៈប្រព័ន្ធសង្គម Twitter ជុំវិញសំណុំរឿង០០៣ និង០០៤ ប៉ះពាល់ដល់ការសម្ងាត់ និងសុចរិតភាពនៃការស៊ើបអង្កេត។
របាយការណ៍បន្ថែមទៀតថា ចៅក្រមក៏បានវាយប្រហារសហសេវិក លោក យូ ប៊ុនឡេង និង ចៅក្រម សៀកប្រ៉ឺត ប្លុង (Siegfried Blunk) ដោយរំលោភក្រមសីលធម៌ចៅក្រម។
ទីស្ដីការគណៈរដ្ឋមន្ត្រីបញ្ចេញរបាយការណ៍នេះ បន្ទាប់ពីមន្ត្រីជំនាញនៃអគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ថា លោក ឡូរ៉ង់ កាស្ពែរ អានសើមេត៍ បានទទួលការតែងតាំងពីអង្គការសហប្រជាជាតិរួចហើយ ហើយអាចចូលបម្រើការងារបានដោយស្របច្បាប់ ទោះបីជាឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមកម្ពុជាបដិសេធក៏ដោយ។ អង្គការសហប្រជាជាតិក៏គាំទ្រលោកចៅក្រមរូបនេះ ឈានទៅស៊ើបអង្កេតសំណុំរឿង០០៣ និង០០៤ ទៀតផង៕ ដោយ៖ RFA
Sunday, 29 January 2012
Subscribe to:
Post Comments (Atom)



No comments:
Post a Comment