ខេត្តក្រចេះ ៖ រយៈពេល២ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២១-២២ មករា គេសង្កេតឃើញ ប្រជាពលរដ្ឋបានសម្រុកនាំគ្នាមកកាន់ផ្សារក្នុងខេត្ត ដើម្បីជាវរបស់របរនំ ចំណី បន្លែផ្លែឈើ យកទៅធ្វើម្ហូបអាហារក្នុងពិធីសែនចូលឆ្នាំថ្មីប្រពៃណីចិន ជាមួយនឹងការទិញលក់យ៉ាងសកម្មពីប្រជាពលរដ្ឋដែល ប្រកាន់ខ្ជាប់នូវប្រពៃណីចិន ចំណែកឯក្រុមអាជីវករលក់សម្ភារ ត្រី សាច់ បន្លែ ផ្លែឈើ ក៏មានការមមារញឹកក្នុងការលក់របស់របររៀងៗខ្លួនផងដែរ។
ក្រុមអាជីវករបានឱ្យដឹងថា ឆ្នាំនេះពួកគាត់លក់របស់របរមិនសូវដាច់ដូចឆ្នាំមុនៗទេ ខណៈពួកគាត់មិនមានទីតាំងពិតប្រាកដ ស្របពេលដែលផ្សារក្រចេះមិនទាន់បើកឱ្យអាជីវករចូលលក់ដូរ ទើបពួកគាត់បានសម្រេចនាំគ្នាមកដាក់តាំងលក់នៅតាមចិញ្ចើមផ្លូវរប៉ាត់រប៉ាយ បាត់ម៉ូយដែលធ្លាប់មកទិញនាឆ្នាំកន្លងមក ជាពិសេសទន្ទឹមនឹងមុខទំនិញបានឡើងថ្លៃផងដែរនោះ។ ក្នុងសកម្មភាពការទិញលក់ពីអាជីវករ និងប្រជាពលរដ្ឋ ក្នុងឱកាសចូលឆ្នាំចិន រយៈពេលពីរថ្ងៃមុនថ្ងៃសែននេះគឺមានការកកស្ទះតាម បណ្តាផ្លូវមួយចំនួនក្នុងទីប្រជុំជនបានកើតឡើងរាល់ថ្ងៃ ខណៈអាជីវករទាំងអស់ដែលបានមកដាក់តាំងលក់សម្ភាររបស់របរនៅលើចិញ្ចើម ផ្លូវ។ រីឯរថយន្តម៉ូតូ ក៏ត្រូវឈប់ចត ដើម្បីចូលទិញរបស់របរ ត្រី សាច់ បន្លែផ្លែឈើ ពាសវាលពាសកាលពេញលើចិញ្ចើមផ្លូវ ទោះបីជាប៉ូលិសខំសម្រួលសណ្តាប់ធ្នាប់យ៉ាងណាក៏ដោយ។
ស្រ្តីជាអាជីវករលក់សាច់ជ្រូក សាច់មាន់ និយាយថា ឆ្នាំនេះ មិនសូវមានអ្នកទិញច្រើនដូច ឆ្នាំសព្វដងនោះទេ ព្រោះបាត់ម៉ូយដែលធ្លាប់តែមកទិញ ដោយគាត់សន្និដ្ឋានថា ប្រហែលជារកតូបលក់របស់គាត់មិនឃើញ ម្យ៉ាងដោយសារតម្លៃត្រី សាច់ បានឡើងថ្លៃយ៉ាងគំហុកទើបធ្វើឱ្យប្រជាពលរដ្ឋសម្រេចកាត់បន្ថយនៃការទិញ៕ ដោយ៖ Koh Santepheap Daily



No comments:
Post a Comment